ស្ពានបណ្តែតទឹកមុខប្រាសាទអង្គរវត្តគ្រោងដំណើរការខែនេះ
ស្ពានបណ្តែតទឹកមុខប្រាសាទអង្គរវត្តសម្រាប់អ្នក ទេសចរជាតិ និងអន្តរជាតិឆ្លងជំនួសស្ពានហាលដែលកំពុងដំណើរការជួសជុលនោះកសាង បានស្ទើរ១០០%ហើយ ។ ស្ពានបណ្តែតនេះគ្រោងនឹងដាក់ឲ្យដំណើរការនៅដើមខែឧសភា ឆ្នាំ២០១៧ ។
លោកសុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបបញ្ជាក់ថា ដំណើរការសាងសង់ស្ពានបណ្តែតទឹកបានរួចរាល់ស្ទើរទាំងស្រុងហើយ នៅសល់តែការសម្អាត និងការត្រួតពិនិត្យបន្ថែមប៉ុណ្ណោះ ។ ស្ពានបណ្តែតទឹកនេះមានសមត្ថភាពគ្រប់គ្រាន់ធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ ព្រោះវាអាចទ្រទ្រង់ទម្ងន់ដល់ទៅជាង៤០០តោនក្នុងពេលតែមួយបាន ។ លើសពីនេះនៅពេលស្ពានដំណើរការនឹងមានពោងសុវត្ថិភាព ដោយមានភ្នាក់ងារទេសចរណ៍នៅយាមសងខាងស្ពានជាប្រចាំ ។
ការសាងសង់ស្ពានបណ្តែតទឹកជំនួសស្ពានហាលមុខប្រាសាទអង្គរវត្តនេះ គឺដើម្បីសម្រួលដល់ដំណើរការជួសជុល និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ក្នុងពេលដែលស្ពានហាលនេះកំពុងជួសជុលដោយកិច្ចសហការនៃអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ានៃប្រទេសជប៉ុន ។ តាមគម្រោងស្ពានហាលនេះនឹងបិទបណ្តោះអាសន្នរហូតដល់ការជួសជុលរួចរាល់ក្នុងឆ្នាំ២០២០ ទើបបើកឲ្យសាធារណជនធ្វើដំណើរឆ្លងកាត់ឡើងវិញ ។
គិតចាប់ពីទសវត្សឆ្នាំ១៩៥០មក ស្ពានហាល មុខប្រាសាទអង្គរវត្តបានជួសជុលឡើងវិញ៣ដំណាក់កាលហើយ ។ ដំណាក់កាលទី១ គឺនៅឆ្នាំ១៩៥៣ ជួសជុលដោយប្រទេសបារាំងតាមរយៈសាលាបារាំងចុងបូព៌៌ា EFEO នៅចំហៀងខាងជើងផ្នែកខាងកើត និងខាងដើមទសវត្សទី៦០ នៅពាក់កណ្តាលផ្នែកខាងត្បូងទាំងស្រុង។ ដំណាក់កាលទី២ ពីឆ្នាំ១៩៩៦-២០០៧ ជួសជុលដោយសាកលវិទ្យាល័យសូហ្វ៊ីយ៉ានៃប្រទេសជប៉ុន រួមនឹងអាជ្ញាធរជាតិអប្សរាផ្នែកខាងជើងក្នុងជំហានទី១ ។
ដំណាក់កាលទី៣ គឺអាជ្ញាធរជាតិអប្សរាសហការនឹងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា បន្តជំហានទី២ ជួសជុលផ្នែកខាងជើងចំហៀងខាងលិច មានប្រវែង៩០ម៉ែត្រ ដែលបានបើកឲ្យដំណើរការជាផ្លូវការតាំងពីខែឧសភា ឆ្នាំ២០១៦មក ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២០ខាងមុខ៕
ស្ពានបណ្តែតទឹកមុខប្រាសាទអង្គរវត្ត |