ផែងូតទឹកកម្សាន្តបណ្តែតលើទឹកទន្លេមេគង្គ ទើបតែមានដំបូងនៅក្រុងកំពង់ចាម
ផែងូតទឹកកម្សាន្តបណ្តែតលើទន្លេមេគង្គ មានទទឹងជាង២២ម៉ែត្រ និងបណ្តោយជាង៦០ម៉ែត្រ ដែលទើបតែមានដំបូងនៅក្នុងក្រុងកំពង់ចាម ដោយបានសាងសង់បានប្រហែលជា៨០ភាគ
រយ ហើយមានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី បាននាំគ្នាចុះទៅងូតទឹកលេងជាហូរហែរ។ ជាមួយនោះអាកាសធាតុក៏មានលក្ខណៈអំណោយផលល្អថែមទៀត ដែលនេះជាសមិទ្ធិផលមួយថ្មីទៀតក៏ជាផ្នែក
មួយសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជិតឆ្ងាយ ឲ្យមកកម្សាន្តផងដែរ។
លោក ឈ ហេង អាយុ៤៧ឆ្នាំ នៅភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលជាអ្នកបង្កើតផែងូតទឹកកម្សាន្តនេះ បានប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី២៨ មេសា ២០១៧ថា កាលពីប៉ុន្មានឆ្នាំមុនរូបលោកមានក្តីស្រម័យចង់បង្កើតឲ្យមានផែងូតទឹក បណ្តែតនៅលើផ្ទៃទឹកទន្លេមេគង្គ ក្រោយពីបានសន្សំថវិកាល្មមនឹងលៃលកកៃច្នៃនោះក៏បានទិញរបស់របរមកធ្វើជាបណ្តើរៗដាក់នៅក្បែរស្ពានគីហ្ស៊ុណា រហូតមកដល់ជិតដំណាច់ខែមេសា ២០១៧នេះ រយៈពេលជាង៥ខែ បានសម្រេចស្ទើរតែរួចរាល់ហើយដែរ។
លោក ឈ ហេង អ្នកបង្កើតផែងូតទឹកនេះប្រាប់បន្តថា ការបង្កើតឡើងនូវផែងូតទឹកនេះ គឺរូបលោកស្រលាញ់នូវវិស័យកីឡាហែលទឹក ព្រោះថាមានពេលមួយរូបលោកបានទៅមើលកន្លែងអាងហែលទឹករបស់គេ ដែលបានបង្កើតឡើងនោះនៅលើដី ហើយចិត្តរបស់លោកផ្ទាល់ថាក្នុងពេលអនាគតនឹងត្រូវបង្កើតឡើងដែលមានការកែច្នៃដាក់នៅក្នុងទឹកទន្លេមេគង្គតែម្តង។ ដូច្នេះក្តីស្រម័យរបស់លោកបានក្លាយទៅជាការពិត គឺបានប្រែងប្រែងធ្វើបានមួយ ហើយតាមទឹប្រាក់ដែលត្រូវចំណាយនោះ មានរហូតដល់ទៅ១៥ម៉ឺនដុល្លារអាមេរិក។
ប្រសិនបើកអ្នកដែលចូលចិត្តមកងូតទឹកលេង មានអាយុចាប់ពី១០ទៅ២០ឆ្នាំ ប្រឹងហែលឲ្យបានញឹកញាប់នោះ ក្នុងរយៈពេល១ឆ្នាំនឹងធ្វើឲ្យកម្ពស់ លូតលាស់បាន១តឹក ហើយយូរទៅៗកម្ពស់លូតលាស់បានល្អប្រសើរចន្លោះពី១,៧០ម៉ែត្រ ទៅ១,៨០ម៉ែត្រ ហើយនូវពេលដែលបានក្លាយទៅជាកីឡាករ ពេលដែលទៅចូលរួមប្រកួតនៅបរទេសនោះ កម្ពស់របស់យើងនឹងមិនចាញ់គេទេ។ មិនយូរទេកន្លែងរបស់លោកនឹងត្រូវបានសាងសង់រួចរាល់ ក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយក៏គ្រោងអញ្ជើញអាជ្ញាធរខេត្តដើម្បីចូលរួមសម្ពោធ ដាក់ប្រើប្រាស់ជាផ្លូវការផងដែរ។
រូបលោកសំណូមពរដល់អ្នកដែលមានកម្ពស់ទាបសូមកុំព្រួយបារម្ភ មេត្តានាំគ្នាមកហែលទឹកហាត់ប្រាណនៅកន្លែងរបស់លោកដែលមានអាកាសធាតុធម្មជាតិត្រជាក់ល្អ ធ្វើយ៉ាងណាប្រឹងប្រែងឧស្សាហ៍ហែលទឹកនឹងធ្វើឲ្យកម្ពស់លូតលាស់បានល្អដូចជាគេដែរ។ លោកថា ការបង្កើតផែងូតទឹកកម្សាន្តនេះឡើង គឺបានប្រឹងប្រែងធ្វើឡើងតាមស្តង់ដាបច្ចេកទេស ដើម្បីធានាអ្នកដែលមកលេងកន្លែងរបស់លោក មានសុវត្ថិភាព បើការងារនេះទទួលបានជោគជ័យ នៅឆ្នាំ២០១៨ គ្រោងនឹងបង្កើតមួយទៀត។
លោក លឹម សៅ អាយុ៥៥ឆ្នាំ រស់នៅឃុំបុសខ្នុរ ស្រុកចម្ការលើ ប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី២៨ មេសា ២០១៧ រូបលោកបានបើករថយន្តចេញពីផ្ទះមកលេងនៅក្រុងកំពង់ចាម ដោយបាននាំប្រពន្ធចុះងូតទឹកលេងនៅផែកម្សាន្តជិតគល់ស្ពានគីហ្ស៊ុណា ពិតជាមានអារម្មណ៍ស្រស់ថ្លា នៅពេលដែលបានអង្គុយស្រូបយកខ្យល់អាកាសជំនោរទន្លេមេគង្គ សប្បាយរីករាយជាមួយនឹងកូនៗជាច្រើននាក់។ ចាប់តាំងពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ គាត់មិនដែលបានឃើញផែបណ្តែតទឹក ទន្លេមេគង្គមានមនុស្សមកងូតទឹកលេងបែបនេះទេ ហើយបច្ចុប្បន្នក្រុងកំពង់ចាម ក្រោមការដឹកនាំរបស់អាជ្ញាធរខេត្តបានប្រឹងប្រែងអភិវឌ្ឍធ្វើសួនច្បារតាមមាត់ទន្លេស្រស់ស្អាត ពេលណាដែលទំនេរពីការធ្វើចម្ការនោះ នឹងនាំសមាជិកក្រុមគ្រួសារមកកម្សាន្ត ជាបន្តទៀតនៅកន្លែងងូតទឹកដើម្បីឲ្យមានអារម្មណ៍ស្រស់ស្រាយនឹងគេ។
ចំណែកលោក ស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្ត មានប្រសាសន៍ឲ្យដឹងដែរថា ផែងូតកម្សាន្តខាងលើនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់ខេត្តកំពង់ចាម ជាមួយនោះមានការកំណត់តម្លៃសម្រាប់ភ្ញៀវជាតិក្នុងម្នាក់៤.០០០រៀល និងបរទេស៨.០០០រៀល ហើយអាជ្ញាធរឲ្យមានការរៀបចំភ្លើងលម្អចុះពីលើច្រាំងទន្លេដល់កន្លែងងូតផងដែរ។ ហើយក៏ឲ្យមានដាក់ពោងសម្រាប់នាវាចរដែលបើកឆ្លងកាត់បានឃើញនៅពេលយប់ ជាមួយនោះមានកម្លាំងសន្តិសុខដាក់នៅប្រចាំការ ដើម្បីឃ្លាំមើលអ្នកមកលេងទឹកធ្វើយ៉ាងណា ឲ្យមានសុវត្ថិភាពដល់អ្នកមកកម្សាន្ត៕
ផែងូតទឹកកម្សាន្តបណ្តែតលើទឹកទន្លេមេគង្គ ទើបតែមានដំបូងនៅក្រុងកំពង់ចាម |