សាហាវម្ល៉េះ! ពួនស្ទាក់កាប់គ្មានប្រណី
ដោយ ៖ វ៉ាន់ ប៊ុនធឿន
ខេត្តស្វាយរៀង ៖ រាំធុងបាសក្លាយជាគំនុំចងអាឃាត ពេលចេញពីរាំពួនស្ទាក់កាប់ប្រហារយ៉ាងសាហាវ បណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង ឯម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ហើយនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ ក៏ប៉ុន្តែកម្មពៀរមានពិត ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។
ទាក់ទិនករណីនេះលោកវរសេនីយ៍ទោ កែវ សុថា បានឲ្យដឹងថា ជនសង្ស័យ ១-ឈ្មោះ យស់ ចាន់រី ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ចាប់បាននៅថ្ងៃទី១៣ មេសា ជាអ្នរួមគំនិត។ ២-ឈ្មោះ ពៅ សូរវង្ស ហៅបូរ ភេទប្រុស អាយុ២៥ឆ្នាំ ជាជនដៃដល់ មានទីលំនៅភូមិបាសាក់ ឃុំបាស់ ស្រុកស្វាយជ្រំ ចាប់បានកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ មេសា ពេលលួចមកផ្ទះ។ ចំណែកជនរងគ្រោះ ១- ឈ្មោះ ឃួន ចន ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរធ្វើកម្មករសំណង់ រស់នៅភូមិបាសាក់ រងរបួសចំក្បាលផុងលលាដ៍ក្បាលស្លាប់ ២-ឈ្មោះ សោម វាសនា ហៅប៉ោង អាយុ២១ឆ្នាំ នៅភូមិបាសាក់ជាមួយគ្នា រងរបួសធ្ងន់ និង៣-ឈ្មោះ សូថុន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបាសាក់ មុខរបរធ្វើស្រែ មិនមានរបួស។
ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុថ្ងៃទី១២ មេសា នៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ មានកម្មវិធីឡើងគេហដ្ឋានមួយនៅខាងជើងរមណីដ្ឋានប្រាសាទបាសាក់ និងមានចាក់ធុងបាសរាំលេងកម្សាន្ត រីឯជនរងគ្រោះ៣នាក់បានទៅចូលរួមរាំលេងរហូតដល់ម៉ោង១១និង២៤នាទីយប់ ក៏នាំគ្នាដើរត្រឡប់ទៅផ្ទះវិញ ស្រាប់តែត្រូវជនសង្ស័យ២នាក់ បានប្រើប្រាស់កាំបិតផ្គាក់ពួនស្ទាក់កាប់ប្រហារយ៉ាងសាហាវ បណ្តាលឲ្យជនរងគ្រោះរងរបួសចំក្បាលមួយកាំបិតផុងលលាដ៍ក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង រួចក៏កាប់ជនរងគ្រោះម្នាក់ទៀត បណ្តាលរងរបួសធ្ងន់ ហើយត្រូវក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងអ្នករួមដំណើរជាមួយជនរងគ្រោះម្នាក់ទៀតមិនមានរបួសនោះទេដោយរត់រួច។
លោក កែវ សុថា បន្តទៀតថា បន្ទាប់ពីរទទួលពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ លោក កឹង ឃន ស្នងការដ្ឋាននគបាលខេត្តបានដាក់បទបញ្ជា និងចាត់ឲ្យលោក កុយ សុភាព ស្នងការរង និងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋាននគរបាលខេត្តដឹកនាំសហការជាមួយនគរបាលស្រុកស្វាយជ្រំ និងប៉ុស្តិ៍រដ្ឋបាលឃុំបាសាក់ ធ្វើការចុះស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ យស់ ចាន់រី បញ្ជូនមកសាកសួរ ។ ជនសង្ស័យក៏សាភាពថា មានបក្សពួកម្នាក់ទៀត ជាជនដៃដល់ឈ្មោះ ពៅ សូរវង្ស ដែលជាអ្នកយកកាំបិតផ្គាក់ពួនស្ទាក់កាប់ទៅលើជនរងគ្រោទាំង២នាក់ បណ្តាលឲ្យស្លាប់ និងរបួស រីឯខ្លួនគ្រាន់តែជាអ្នកបើកម៉ូតូឌុបជនដៃដល់ទៅកន្លែងកើតហេតុ រួចយកម៉ូតូមកផ្ទះវិញហើយក៏ដើរទៅកន្លែងកើតហេតុពួនមើលសកម្មភាពតែប៉ុណ្ណោះ។
រហូតមកដល់រសៀលថ្ធៃទី១៩ មេសា មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា ជនដៃដល់បានលួចលបចូលផ្ទះ ទើបកម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវ និងបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្ដង។ លោកកែវសុថា បញ្ជាក់ទៀតថា មូលហេតុបង្កឱ្យមានករណីនេះ កើតឡើងដោយសារតែជនសង្ស័យមានគំនុំជាមួយជនរងគ្រោះ ទើបរៀបចំគំរោងឃាតកម្មគិតទុកជាមុនបែបនេះ។ ហើយនៅរសៀលថ្ងៃទី២០ មេសា នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់៕