ឈប់មួយភ្លែតមិនបាន...!
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានសម្ដែងការហួសចិត្ត និងសោកស្ដាយយ៉ាងខ្លាំង ដោយសារតែម៉ូតូរបស់គាត់១គ្រឿង ដែលជាយានជំនិះដ៏សំខាន់បំផុត ជាមធ្យោបាយសម្រាប់រូបគាត់ក្នុងការជិះប្រកបរបររកស៊ីចិញ្ចឹមជីវិតខ្លួនឯង និងក្រុមគ្រួសាររាល់ថ្ងៃ ហើយខណៈពេលដែលគាត់ហូបបាយថ្ងៃត្រង់ ចតម៉ូតូនោះនៅមុខបន្ទប់ ជួលដែលគាត់ស្នាក់នៅ តែមួយសន្ទុះប៉ុណ្ណោះ ស្រាប់តែត្រូវក្រុមចោរលួចកាច់.ក យកទៅបាត់ស្រមោល ។
ពេលនោះគាត់បានតាមរកគ្រប់ទីកន្លែង ប៉ុន្តែរកមិនឃើញនោះឡើយ ទើបរហូតដល់វេលារសៀលថ្ងៃដដែល គាត់បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៏ ក្រែងបានឃើញម៉ូតូមកវិញ ។ ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសរងគ្រោះឈ្មោះ កោះ វណ្ណសារិទ្ធ អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិកងមាស ឃុំបន្ទាយអំពិល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងស្នាក់នៅផ្ទះជួលនៅក្នុងភូមិកើតហេតុខាងលើ គាត់បានបាត់បង់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ បិទតែមស៊េរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំ ១C-២៦៩៦ ។ បុរសនោះបាននិយាយថា នៅមុនពេលកើតហេតុ គាត់បានចតម៉ូតូនោះនៅមុខបន្ទប់ ដែលគាត់ស្នាក់នៅ បន្ទាប់មកគាត់បានចូលហូបបាយនៅក្នុងបន្ទប់ តែមួយសន្ទុះប៉ុណ្ណោះក្រោយពេលហូបបាយរួច មើលម៉ូតូស្រាប់តែបាត់មិនឃើញ ទើបមានការភ្ញាក់ផ្អើលឆោរឡោ ហើយបានតាមរកគ្រប់កន្លែង ប៉ុន្តែមិនបានឃើញនោះឡើយ ។
លុះរកមិនឃើញទើបនៅវេលារសៀលថ្ងៃដដែល គាត់បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៏ ស្វែងរកម៉ូតូរបស់គាត់ ក្រែងអាចរកឃើញមកវិញ ព្រោះម៉ូតូនោះសំខាន់ខ្លាំងណាស់ សម្រាប់រូបគាត់ក្នុងការជិះប្រកបរបររកស៊ីចិញ្ចឹមជីវិតខ្លួនឯង និងក្រុមគ្រួសារទាំងមូល ប៉ុន្តែគាត់មិនបានបញ្ជាក់ថា គាត់រកស៊ីអ្វីឡើយ ៕