រមណីយដ្ឋានវត្តភ្នំមានបម្រើសេវាកង់មានលំនឹង សម្រាប់ភ្ញៀវទេសចរណ៍ជិះកម្សាន្ត
រាជធានីភ្នំពេញ ៖ ពិតជាកម្រឃើញមានស្ថាបនរដ្ឋ ដែលរៀបចំឲ្យភ្ញៀវទេសចរណ៍ ប្រើមធ្យោបាយយានជំនិះ ជិះទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋាននានាទេ គឺធ្លាប់ឃើញមានតែវិស័យឯកជន ប៉ុន្តែសម្រាប់ពេលនេះ រាជធានីភ្នំពេញ មានការរៀបចំឲ្យមានសេវា មធ្យោបាយ កង់មានលំនឹង ឬ balance wheel ដាក់បម្រើជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីជិះកម្សាន្តទស្សនាក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំសម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៍ដែរ ហើយក៏មិនធ្លាប់មានពីមុនមក។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានសំណូមពរពីប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញបានកុម្មង់ទិញ កង់មានលំនឹង( balance wheel )ដើម្បីដាក់បម្រើជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជិះកម្សាន្តទស្សនាក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំ។
លោកបន្តថា កង់មានលំនឹង ឬ balance wheel ដាក់បម្រើជូនភ្ញៀវទេសចរណ៍ ក្នុងពេលនេះ មានចំនួន១០គ្រឿង ដែលក្នុងរយៈពេលកន្លះម៉ោងមានតម្លៃ២,៥ដុល្លារសហរដ្ឋអាមេរិក ឬ១ម៉ឺនរៀល ក្នុងមួយគ្រឿង ហើយប្រសិនបើមានការគាំទ្រច្រើន រដ្ឋបាលរាជធានីភ្នំពេញនឹងទិញបន្ថែមទៀត ឬក៏អាចដាក់បម្រើជូន ភ្ញៀវទេសចរណ៍នៅតំបន់ទេសចរណ៍ផ្សេងទៀតផងដែរ។ លោក ម៉េត មាសភក្តី បានឲ្យដឹងទៀតថា ការដាក់បម្រើសេវា កង់មានលំនឹង ឬ balance wheel នៅរមណីយដ្ឋានវត្តភ្នំនេះ មានគោលដៅសំខាន់បម្រើជូនភ្ញៀវទេសចរណ៍ទស្សនាកម្សាន្តទេសភាពដ៏ស្រស់ស្អាតរបស់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជាពិសេសទៅទៀតនោះ កម្លាំងរក្សាសន្តិសុខនៅទីនោះ ក៏អាចជិះបាន ព្រោះមានភាពងាយស្រួល ដើម្បីរក្សាសរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទៀតផង។
អ្នកនាំពាក្យដដែល បានបញ្ជាក់ថា balance wheel នេះ មានន័យថា កង់មានលំនឹង ដែលនាំចូលពីបរទេស មានកង់តែពីរទេ តែវាអាចទប់លំនឹងបាន ដែលដំណើរការដោយថាមពលអាគុយ មិនចាំបាច់ចាក់សាំងនោះទេ។ ចំណែកមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលបន្ទុកមើលការខុសត្រូវរមណីយដ្ឋានវត្តភ្នំ បានអះអាងថា បច្ចុប្បន្ននេះ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មានភ្ញៀវទេសចរណ៍ទាំងភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណ៤០០នាក់ ក្នុងមួយថ្ងៃ ដែលបានចូលទស្សនា និងកម្សាន្ត ហើយភ្ញៀវទេសចរណ៍ទាំងនោះ ភាគច្រើន គឺជនជាតិចិនតែម្តង៕