ពិតជាសាហាវណាស់! មិនត្រឹមតែជំរិតទេ ថែមទាំងសម្លាប់ទៀត
ដោយ ៖ ឃឹម ប៊ុនណាក់
រាជធានីភ្នំពេញ ៖ ករណីជនជាតិចិនចាប់ជាជនចិនដូចគ្នាជំរិតទារប្រាក់ នៅខណ្ឌពោធិ៍សែនជ័យ រួចសម្លាប់ជនរងគ្រោះ ហើយដឹកសពយកទៅទម្លាក់ចោលនៅទឹកទន្លេអ្នកលឿង។ សពនោះបានអណ្តែកមកដល់ស្រុកលើដែក ខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខេមេសា ឆ្នាំ២០១៧ មុនចូលឆ្នាំប្រពៃណីខ្មែរមួយថ្ងៃ ។
លុះពេលរសៀលថ្ងៃទី២០ មេសា នេះ ត្រូវបានសមត្ថកិច្ចសហការចាប់ខ្លួនឧក្រិដ្ឋជនជាជនដៃដល់២នាក់ ដែលទៅលាក់ខ្លួននៅខេត្តព្រះសីហនុ និងកំពុងបន្តដឹកមកកាន់រាជធានីភ្នំពេញ ។ ទោះជាយ៉ាងណាក្តីនេះ ជាព័ត៌មានដំបូងដែលទទួលបានក្រៅផ្លូវការ ដោយសារតែសមត្ថកិច្ចនៅមិនទាន់បានសួរយកចម្លើយជនសង្ស័យបានគ្រប់គ្រាន់ ព្រោះត្រូវការអ្នកបកប្រែភាសាចិន។ ព័ត៌មានដំបូងថា ជនសង្ស័យដែលចាប់ខ្លួនម្នាក់ឈ្មោះ GAO KEYAN ភេទប្រុស អាយុ៤០ឆ្នាំ ជាជនជាតិចិន មានមុខរបរជាចុងភៅ និងម្នាក់ទៀតឈ្មោះ ម៉ុង ចំរើន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ មេសា មានករណីចាប់ថៅកែហាងភោជនីដ្នានមួយកន្លែង ជាជនជាតិចិនម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ ដើម្បីជំរិតទារប្រាក់ ប៉ុន្តែក្រោយមកព័ត៌មាននោះបានស្ងាត់បាត់ឈឹងទៅវិញ ។ លុះដល់វេលាម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី១៣ មេសា ប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនជាតិចិនម្នាក់ស្លាប់អណ្តែតទឹកទន្លេ នៅចំណុចភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដែលសាកសពនោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ។ បន្ទាប់ពីមានព័ត៌មានករណីជំរិតទារប្រាក់នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកការស៊ើបអង្កេតលើបទល្មើសជំរិតទារប្រាក់នេះ ។
ប្រភពព័ត៌មានបន្តថា ពេលនេះនៅមិនទាន់បានសួរយកចម្លើយពីជនសង្ស័យយ៉ាងណាក្តី (ខ្វះអ្នកបកប្រែ) ប៉ុន្តែអាចដឹងព័ត៌មានពីដើមចមខ្លះបានថា ជនរងគ្រោះជាថៅកែភោជនីយដ្ឋានចិនមួយ ហើយជនសង្ស័យចិនម្នាក់ជាចុងភៅឲ្យហាងចិននោះ ។ ថ្ងៃមួយថៅកែចិនបានដេញជនសង្ស័យឲ្យឈប់ធ្វើចុងភៅនៅហាងនោះ ក្រោយមកជនសង្ស័យមានគំនិតខឹងថៅកែចិន ក៏ផ្តើមគំនិតចាប់ថៅចិនយកទៅឃុំទុកមួយកន្លែង ហើយគំរាមទារប្រាក់ពីក្រុមគ្រួសារ ។ បន្ទាប់មកឧក្រិដ្ឋជនបានសម្លាប់ជនរងគ្រោះ ហើយរួមគ្នាជាមួយជនសង្ស័យខ្មែរម្នាក់ទៀតដឹកសពជនរងគ្រោះតាមរថយន្តម៉ាកវីស្តូ ជារបស់ជនរងគ្រោះយកសពទៅទម្លាក់ចោលនៅទន្លេអ្នកលឿង ទើបសពនោះអណ្តែតទៅដល់ចំណុចខាងលើ ។
តាមសមត្ថកិច្ចឲ្យដឹងថា ព័ត៌មានលំអិតនឹងត្រូវលាតត្រដាងនៅពេលសួរយកចម្លើយជនសង្ស័យឲ្យបានគ្រប់ជ្រុង ប៉ុន្តែជំហានដំបូងអាចនាំជនសង្ស័យយកទៅធ្វើត្រាប់ពីសកម្មភាព នៅទីតាំងពេលចាប់ខ្លួន និងពេលសម្លាប់ជនរងគ្រោះ រួមទាំងធ្វើកាយវិការដឹកសាកសពយកទៅទម្លាក់ចោលទៀតផង ៕
ប្រភពៈ កោះសន្តិភាព