អស់លក្ខណ៍ហើយ ស្ត្រីដៃស្អិតនៅមុខរោងចក្រ
រាជធានីភ្នំពេញ ៖ កម្មការិនីម្នាក់ បានចាប់ខ្លួនស្ដ្រីដៃស្អិតជំនាញខាងលូកហោប៉ៅយកកាបូបលុយ និងទូរស័ព្ទនៅតាមមុខរោងចក្រ និងតាមទីផ្សារប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ខណៈដែលកម្មការិនីរូបនោះ កំពុងដើរទិញម្ហូបនៅមុខរោងចក្រកាត់ដេរស្បែកជើងមួយកន្លែង ហើយត្រូវស្ដ្រីរូបនេះធ្វើសកម្មភាពលូកហោប៉ៅយកទូរស័ព្ទដៃ ប៉ុន្តែនាងដឹងទាន់ក៏ចាប់ខ្លួនបានតែម្ដង ។
ក្រោយការចាប់ខ្លួននគរបាលបានឆែករកឃើញទូរស័ព្ទនៅនឹងខ្លួនស្ដ្រីជាប់ចោទនេះដល់ទៅ៤គ្រឿងកាលពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ មេសា នៅក្នុងផ្សារមួយកន្លែងស្ថិតនៅមុខរោងចក្រកាត់ដេរស្បែកជើងយីហោ «EVC» ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីដែលជាជនសង្ស័យម្នាក់នោះឈ្មោះ អ៊ុច អូន អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្គូពីពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ ១CQ-២២៣៨ ហើយនគរបាលបានដកហូតបានទូរស័ព្ទពីស្ត្រីរូបនោះចំនួន៤គ្រឿងរួមមាន ម៉ាកLG១គ្រឿង ,ម៉ាកអាយហ្វូនហ្វាយ១គ្រឿង, ម៉ាកអាយហ្វូនស៊ិច១គ្រឿង និងម៉ាកណូកគា១គ្រឿង រួមនឹងកាបូបលុយចំនួន៣ ដែលមានលុយចំនួន១២ម៉ឺនរៀល ។ ចំណែកស្ត្រីដែលជាជនរងគ្រោះឈ្មោះ ម៉េង គឹមហ័រ អាយុ២៤ឆ្នាំ រៀនសំអាងការស្នាក់នៅ ក្នុងភូមិកើតហេតុខាងលើ ៕