ក្រោយពីភ្លៀងធ្លាក់មួយមេធំ លិចក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជិត២ម៉ោង នៅក្រុងប៉ោយប៉ែតនារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ដងផ្លូវបេតុង និងផ្លូវលំមួយចំនួនក្នុងក្រុងមួយនេះ រងការជន់លិច ។ រាល់ចំណុចទំនាបៗ ដូចជាទីតាំងការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតក៍ដូចជាកែងរង្វង់មូល និងទីតាំងផ្សេងៗ គេឃើញមានជំនន់ទឹកភ្លៀង ។ ចំណតរថយន្តក្រុងប៉ោយប៉ែតរងការជន់លិចដូចគ្នា ប៉ុន្តែអ្នកគ្រប់គ្រងចំណតមានម៉ាស៊ីនបូមទឹកចេញមិនឲ្យរងជន់លិចយូរទេ ។ ដោយឡែកចំណតរថយន្តធំ ឬហៅចំណត បេនចាន ដែលពុំមានការអភិវឌ្ឍន៍ គឺមានទឹកល្ហល្ហេវដូចជាទន្លេទៅហើយ ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាជំនន់ទឹកភ្លៀងមិនលិចលង់យូរទេ អាចនឹងស្រកទៅវិញនៅថ្ងៃស្អែកព្រោះអាជ្ញាធរមិនព្រងើយកន្តើយទេ តែងតែរកមុខទឹកដើម្បីកាយរំដោះទឹកធ្លាក់ទៅព្រំដែន ក្រោយមានជំនន់លិចលង់ម្តងៗ ៕