ហ៊ឺ! លែងលះចរចាទ្រព្យមិនត្រូវ កាប់ប្តី១កាំបិត
ខេត្តកំពត ៖ ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីស្ត្រីរូបនេះបានប្រើអំពើហិង្សា កាប់ប្តីមួយកាំបិតឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី១៧ មេសា វេលាម៉ោង០៩ ស្ថិតនៅភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានឱ្យកោះសន្តិភាពដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សួស សុខុម ភេទប្រុស អាយុ៤២ឆ្នាំ(ត្រូវជាប្តី)ប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ដោយប្រពន្ធប្រើអំពើហិង្សាកាប់ខ្លួនឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ លោកក៏បានបញ្ជាឱ្យកម្លាំងសមត្ថិកច្ចជំនាញសហការជាមួយកម្លាំងអធិការដ្ឋានស្រុកឈូក និងប៉ុស្តិ៍រដ្ឋបាលចុះទៅកន្លែងកើតហេតុពិនិត្យនិងស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ឈ្មោះ ស៊ាន ណាគ្រី នាំមកសាកសួរ ។
តាមចម្លើយស្ត្រីជាប្រពន្ធជាប់ចោទបានសារភាពប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃទី១៧ មេសា នៅមុនពេលកើតហេតុ គាត់ជាប្រពន្ធបានហៅប្តីមកនិយាយគ្នារឿងលែងលះ និងនិយាយពីការចែកទ្រព្យសម្បត្តិគ្នានៅមុនពេលលែងលះ ។ ដោយសារតែការនិយាយនោះមិនបានឯកភាពគ្នា ក៏កើតមានទំនាស់ឈ្លោះប្រកែកគ្នា ហើយពេលនោះខ្លួនក៏បានយកកាំបិតមកកាប់ប្តីត្រូវខ្នងដៃខាងស្តាំមួយកាំបិតបណ្តាលឱ្យរងរបួស ។
ព័ត៌មានជុំវិញការបែកបាក់គ្នារវាងប្តីប្រពន្ធនេះត្រូវបានប្រភពខ្លះឱ្យដឹងថា ស្ត្រីជាប្រពន្ធដែលសុំលែងលះប្តីនេះគឺដោយសារខ្លួនមានទំនាក់ទំនងស្នេហាជាមួយប្រុសថ្មី និងនិយាយចែកទ្រព្យសម្បត្តិគ្នា តែប្តីមិនយល់ព្រមក៏កើតជាអំពើហិង្សាយ៉ាងដូច្នេះ។
ទោះជាបែបណាស្ត្រីជាប្រពន្ធដែលត្រូវបានចាប់ខ្លួនពីបទប្រើអំពើហិង្សានេះ មិនបាននិយាយពីមូលហេតុនៃការចង់លែងលះប្តីនោះទេ តែប្រភពពីអ្នកភូមិថា បុរសជាប្តីបានទៅធ្វើពលករនៅប្រទេសថៃ ហើយស្ត្រីជាប្រពន្ធដែលនៅផ្ទះតែងតែដើរផឹកស៊ីជាមួយបុរសមួយចំនួនក្នុងភូមិ រហូតមានទំនាក់ទំនងស្នេហា លុះប្តីត្រឡប់មកវិញបានព្យាយាមហាមឃាត់ប្រពន្ធរឿងដើរផឹកស៊ី ក៏ត្រូវប្រពន្ធសុំលែងលះតែម្តង។ ប្តីប្រពន្ធនេះមានកូន៣នាក់ក្នុងបន្ទុកគឺស្រី២ និងប្រុសម្នាក់ ។
ប្រភពៈ កោះសន្តិភាព