ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរកើនឡើង60%
ចំណូលទទួលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ទទួលបានទឹកប្រាក់ជិត៤០លានដុល្លារអាមេរិក កើនឡើង៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
យោងតាមទិន្នន័យផ្លូវការពីគ្រឹះស្ថានអង្គរឲ្យដឹងនៅព្រឹកថ្ងៃទី១ ឧសភាថា រយៈពេល៤ខែដើមឆ្នាំនេះ គ្រឹះស្ថានអង្គរបានលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិជាង៩៤ម៉ឺននាក់ និងទទួលចំណូលសរុបទឹកប្រាក់ជិត៤០លានដុល្លារអាមេរិក ។ ដោយឡែក គិតតែត្រឹមខែមេសាកន្លងមក មានភ្ញៀវទេសចរជាង១៨ម៉ឺននាក់បានចូលទស្សនារមណីយដ្ឋានអង្គរ និងទទួលបានចំណូលជាង៨លានដុល្លារអាមេរិក កើនឡើង១០២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក មានចំនួន៣ប្រភេទដូចជា សំបុត្រចូលទស្សនា១ថ្ងៃ បានកើនពីតម្លៃ២០ដល់៣៧ដុល្លារ, សំបុត្រចូលទស្សនារយៈពេល៣ថ្ងៃ កើនឡើងពី៤០ដល់៦២ដុល្លារ និងសំបុត្រចូលទស្សនារយៈពេល១សប្តាហ៍ កើនពី៦០ដល់៧២ដុល្លារអាមេរិក ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថ្លែងថា កន្លងមក សមាគមបានជួបប្រជុំជាមួយសមាគមពាក់ព័ន្ធមួយចំនួនទៀតដើម្បីពិភាក្សាពីការមកដល់របស់ភ្ញៀវទេសចរនៅកម្ពុជា និងរកវិធីសាស្ត្រ ធ្វើយ៉ាងណាឲ្យភ្ញៀវមកទស្សនាកម្ពុជាកើនឡើងជាប្រចាំ ព្រោះរដូវនេះជាពេលភ្ញៀវទេសចរធ្លាក់ចុះបើធៀបនឹងរដូវប្រាំង ហើយការមកដល់របស់ភ្ញៀវនៅឆ្នាំនេះបានរងផលប៉ះពាល់ ដោយសារមានការគំរាមកំហែងពីការបាញ់អាវុធនុយក្លេអ៊ែរ។ លោកបន្តថា ពាក់ព័ន្ធនឹងចំណូលរបស់គ្រឹះស្ថានអង្គរ និងភ្ញៀវមកទស្សនាកម្ពុជា គឺមានការជំរុញឲ្យភ្ញៀវទេសចរនៅរមណីយដ្ឋានអង្គរ រយៈពេល១ថ្ងៃដើរឲ្យអស់នៅតាមទីតាំងសំខាន់ៗនៅក្នុងខេត្ត ។
លោកបន្តថា ៖ « ផលប៉ះពាល់ និងមិនប៉ះពាល់នៃការកើនឡើងតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ យើងមិនអាចប៉ាន់ស្មានបាននៅឡើយទេ គឺត្រូវរង់ចាំមើលរយៈពេល៦ខែ និង៦ខែបន្ត » ។
ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា លោក ធួន ស៊ីណាន ថ្លែងថា នៅពេលនិយាយពីចំណូល និងការឡើងថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ យើងត្រូវក្រឡេកមើលលើពិភពលោក តើប្រទេសណាមានប្រាសាទដ៏អស្ចារ្យដូចប្រាសាទអង្គរ ហើយសំបុត្រមានតម្លៃបែបណានៅតាមបណ្តាប្រទេសទាំងនោះ ។ ដូច្នេះ ការទទួលបានចំណូលចូលជាតិកើនឡើងជារឿងអបអរសាទរ ប៉ុន្តែបើសួរថា តើយកភ្ញៀវច្រើន ឬយកប្រាក់ច្រើនពីការចូលទស្សនារមណីយដ្ឋានអង្គរ វាមិនអាចនិយាយបានទេ ព្រោះការមកដល់របស់ភ្ញៀវមិនត្រឹមតែបានចំណូលចូលអង្គរទេ ប៉ុន្តែទទួលចំណូលជាច្រើនទៀតដូចជា សណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្មដឹកជញ្ជូន និងសេវាកម្មមគ្គទេសក៍ ក៏សុទ្ធតែទទួលបានផលប្រយោជន៍ ៕