អូរ...! មិនត្រឹមរឿងគ្រឿងញៀនទេ មកពីរំលោភនាងអត់.......
រាជធានីភ្នំពេញ ៖ ឃាតករឈាមរាវសម្លាប់នារីម្នាក់ ដែលជាប្រពន្ធក្រោយរបស់តារាកំប្លែងនាយហុងដា (ជាឪពុកបង្កើតឃាតករ) ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោយពីឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី១២ ឧសភា ម្សិលមិញ ។ ឃាតករខាងលើឈ្មោះអឿន សុខខេន ហៅនិច អាយុ១៧ឆ្នាំ ជាកូនប្រុសបង្កើតរបស់នាយហុងដា និងស្រីម្នាក់ ដែលឃាត់ខ្លួនជាមួយគ្នាគឺជាប្រពន្ធ មានឈ្មោះនេត រស្មីកន្និកា អាយុ១៧ឆ្នាំ ។
ដោយឡែក នាព្រឹកថ្ងៃទី១៣ ឧសភា នេះ កម្លាំងនគរបាលខណ្ឌដង្កោ ដែលបានតាមប្រមាញ់ក្នុងរឿងនេះដែរ ថ្វីដ្បិតតែមិនអាចចាប់ខ្លួនជននោះបាន ក៏ទទួលបានចម្លើយសារភាពរបស់ឃាតកររូបនេះដែរ ដោយបានប្រាប់កោះសន្តិភាពថា ករណីឃាតកម្មរវាងម្ដាយចុង និងកូនចុងនេះ ក្រៅពីគ្រឿងញៀន គឺផ្ដើមចេញពីការប៉ងចាប់រំលោភសេពសន្ថវៈលើម្ដាយចុង តែមិនបានសម្រេច ក៏សម្លាប់បំបិទមាត់ចោល ព្រមទាំងប្លន់យកគ្រឿងអលង្ការតែម្តង ។
តាមចម្លើយសារភាពឱ្យដឹងទៀតថា កាលពីវេលាយប់ថ្ងៃទី១០ ឧសភា កន្លងមក ខ្លួននិងស្ត្រីរងគ្រោះបានស្ថិតនៅក្នុងបន្ទប់ជាមួយគ្នា ចំណែកប្រពន្ធខ្លួនមិនបាននៅទេ ជាប់រវល់ទៅធ្វើការ។ ខណៈពេលដែលជនរងគ្រោះកំពុងដេកលក់ ដោយស្លៀកសម្លៀកបំពាក់ស្ដើងៗនោះ ខ្លួនមានអារម្មណ៏ចង់រួមភេទ ក៏បានធ្វើសកម្មភាពយកកន្ត្រៃកាត់ខោជនរងគ្រោះចំត្រង់ប្រដាប់ភេទពីខាងមុខមួយប្រឡោះ បន្ទាប់មកខ្លួនបានធ្វើសកម្មភាពរំលោភសេពសន្ថវៈតែម្ដង ប៉ុន្តែមិនបានសម្រេចទេ ដោយជនរងគ្រោះបានភ្ញាក់ដឹងខ្លួន ហើយក៏មានការប្រតាយប្រតប់គ្នាកើតឡើង ។
មួយសន្ទុះក្រោយមក ទើបប្រពន្ធខ្លួនត្រឡប់មកពីធ្វើការវិញទៅដល់បានគោះទ្វារពីខាងក្រៅ ពេលនោះម្ដាយចុងបានប្រាប់ខ្លួនថា«ទៅបើកទ្វារសិនទៅ» ហើយខ្លួនក៏បានដើរចេញទៅបម្រុងបើកទ្វារឱ្យប្រពន្ធចូល ស្រាប់តែម្ដាយចុង (ជនរងគ្រោះ) បានស្ទុះ ទៅបិទទ្វារបន្ទប់ដេកយ៉ាងតក់ក្រហល់ ។ មិនតែប៉ុណ្ណោះ បានលើកទូរស័ព្ទបម្រុងនិយាយទៀត ពេលនោះខ្លួនខ្លាចបែកការណ៍រឿងដែលខ្លួនចាប់រំលោភនោះ ក៏បានផ្លោះតាមបង្អួចចូលទៅក្នុងបន្ទប់នោះវិញ ហើយចាប់ច្របាច់.កជនរងគ្រោះ រហូតដល់សន្លប់ បន្ទាប់មកបានដោះយកគ្រឿងអលង្ការ ព្រមទាំងយកខ្សែឆ្នាំងអ៊ុតរឹត.កបន្ថែមឱ្យដាច់ខ្យល់ស្លាប់តែម្ដង។
រួចហើយ ទើបបើកទ្វារឱ្យប្រពន្ធចូល ពេលនោះប្រពន្ធក៏បានសួរថា «បងឯងធ្វើអ្វី» ខ្លួនឆ្លើយថា «មានទំនាស់ជាមួយម្តាយចុង ហើយបានសម្លាប់គាត់បាត់ទៅហើយ» ។ បន្ទាប់មកខ្លួនបានប្រាប់ឲ្យប្រពន្ធរៀបចំខោអាវ ដើម្បីរត់គេចខ្លួន ហើយខ្លួនបានយកភួយទៅរុំសពជនរងគ្រោះ និងបានអូសសពទៅលាក់ទុកក្នុងបន្ទប់ទឹក ក្នុងបន្ទប់មួយទៀតនៅទល់មុខបន្ទប់ស្នាក់នៅនោះ ។
ប្រភពដដែលបានបន្តទៀតថា ក្រោយមកបាននាំប្រពន្ធ គេចខ្លួនទៅដេកនៅផ្ទះរបស់ម្តាយក្មេក (ម្ដាយបង្កើត នេត រស្មីកន្និកា) មួយយប់ លុះដល់វេលាម៉ោង១១ និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១១ ឧសភា ខ្លួននិងប្រពន្ធបានយកកងដៃ ចិញ្ចៀន និងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់ឲ្យបក្សពួកម្នាក់ទៀតឈ្មោះ ង៉ែត យកទៅលក់ដោយឈ្មោះងែតនោះ បានយក ម៉ូតូទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវ ខណ្ឌទួលគោក បានលុយចំនួន១០០ដុល្លារ, ចិញ្ចៀនលក់បាន៣០.០០០រៀល, កងដៃមិនបានលក់ទេ ដោយឈ្មោះង៉ែត ប្រាប់ថា ជារបស់កាឡៃ ។
ចំណែកទូរស័ព្ទណូគាចុចពិល ខ្លួនបានបិទម៉ាស៊ីនចោល រហូតអត់បើកទេ លុះដល់វេលាម៉ោងប្រហែល១៤និង៣០នាទីថ្ងៃទី១២ ឧសភា ខ្លួនបានដើរទៅខាងក្រោយវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅជក់ថ្នាំញៀន ហើយក្នុងខណៈពេលកំពុងតែជក់គ្រឿងញៀន ក៏ស្រាប់តែកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារទៅដល់ ឃាត់ខ្លួនតែម្តង។
ប្រភព៖កោះសន្តិភាព